មេរៀន៖ កុំ​ថ្កោល​ទោស ដើម្បី​ឲ្យ​លោក​អ្នក​អាច​ថ្កោល​ទោស​បាន​ត្រឹម​ត្រូវ

แชร์
ฝัง
  • เผยแพร่เมื่อ 5 มิ.ย. 2024
  • មេរៀន៖ កុំ​ថ្កោល​ទោស ដើម្បី​ឲ្យ​លោក​អ្នក​អាច​ថ្កោល​ទោស​បាន​ត្រឹម​ត្រូវ
    -------------------------------------------------------
    ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ថា «ដើម​ឈើ​ល្អ ផ្លែ​វា​ក៏​ល្អ» (ម៉ាថាយ ១២:៣៣)។ តើ​យើង​អាច​ឃើញ «អស់​ទាំង​អំពើ​លាក់​កំបាំង...ក្នុង​ចិត្ត» បាន​នៅ​ពេល​ណា? គឺ​នៅ​ក្នុង​ទង្វើ​នៃ​ការ​ប្រព្រឹត្ត​អំពើ​បាប​ជាក់​ស្ដែង​របស់​បុគ្គល​ម្នាក់​នោះ។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​សាវ័ក ប៉ុល មិន​ចាំបាច់​មាន​វត្តមាន ដើម្បី​ថ្កោល​ទោស​បុរស​ដែល​បាន​ប្រព្រឹត្ត​អំពើ​អសីលធម៌​ផ្នែក​ផ្លូវ​ភេទ (១កូរិនថូស ៥:៣)។ ហើយ​គាត់​ក៏​បាន​ប្រាប់​ឲ្យ​គ្រីស្ទ​បរិស័ទ​នៅ​ឯ​ក្រុម​ជំនុំ​កូរិនថូស​ថ្កោល​ទោស​បុរស​ម្នាក់​នោះ​ដែរ (១កូរិនថូស ៥:១២-១៣)។
    នៅ​ពេល​ដែល​យើង​ប្រព្រឹត្ត​អំពើ​បាប នោះ​បង​ប្អូន​ប្រុស​ស្រី​ដែល​ជា​គ្រីស្ទ​បរិស័ទ​មាន​កាតព្វកិច្ច​ក្នុង​ការ​ថ្កោល​ទោស​យើង។ ពួក​គាត់​មិន​ត្រូវ​ផ្ដន្ទា​ទោស​យើង​ទេ ប៉ុន្តែ​ដាច់​ខាត​ដោយ​កើត​ចេញ​ពី​សេចក្ដី​ស្រឡាញ់ គឺ​ពួក​គាត់​ត្រូវ​តែ​ណែនាំ​ឲ្យ​យើង​កែ​ប្រែ​ចិត្ត។ ការ​ថ្កោល​ទោស​បែប​នេះ​គឺ​ជា​ការ​បង្ហាញ​ព្រះ​គុណ និង​ជា​ការ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​ជាម្ចាស់ (រ៉ូម ២:៤) ហើយ​ប្រសិន​បើ​យើង​អន់​ចិត្ត នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​បង្កើន​សមាស​ធាតុ​នៃ​អំពើ​បាប​របស់​យើង​ហើយ។ ប្រសិន​បើ​អំពើ​បាប​របស់​យើង​មាន​ភាព​ធ្ងន់ធ្ងរ ហើយ​ក្រុម​ជំនុំ​របស់​យើង​បាន​សម្រេច​ចិត្ត​ថា ដាច់​ខាត​យើង​ត្រូវ​តែ​ទទួល​ការ​ដាក់​វិន័យ​យោង​តាម​កណ្ឌ​គម្ពីរ​ម៉ាថាយ ១៨:១៥-១៧ នោះ​យើង​ត្រូវ​តែ​ទទួល​ស្គាល់​ថា គោល​បំណង​នៃ​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​នាំ​ឲ្យ​យើង​កែ​ប្រែ​ចិត្ត មិន​មែន​ដើម្បី​រិះគន់​ដាក់​បណ្ដាសា​ឲ្យ​យើង​ធ្លាក់​នរក​នោះ​ទេ (១កូរិនថូស ៥:៤-៥)។
    #យឺត​នឹង​ថ្កោល​ទោស
    នៅ​ពេល​ដែល​ឃើញ​ថា ពិត​ជា​មាន​ការ​ប្រព្រឹត្ត​អំពើ​បាប​ជាក់​ស្ដែង​មែន នោះ​គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​ថ្កោល​ទោស​គ្រីស្ទ​បរិស័ទ​ម្នាក់​នោះ​ដោយ​ក្ដី​ស្រឡាញ់។ ប៉ុន្តែ នៅ​ក្នុង​កាលៈទេសៈ​ភាគ​ច្រើន យើង​ត្រូវ​តែ​មាន​ការ​យឺត​ក្នុង​ការ​ថ្កោល​ទោស យើង​ត្រូវ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ដាក់​កំហិត​ក្នុង​ការ​ថ្កោល​ទោស។ និស្ស័យ​សាច់​ឈាម​របស់​យើង​ដែល​ពេញ​ដោយ​អំពើ​បាប​មាន​ការ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ថ្កោល​ទោស​អ្នក​ដទៃ។ យើង​ត្រូវ​តែ​មាន​ការ​សង្ស័យ​ដែល​មាន​សុខ​ភាព​ល្អ​ដោយ​ចេះ​ងឿង​ឆ្ងល់​អំពី​អំនួត​របស់​ខ្លួន ហើយ​រក្សា​ទុក​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​នៅ​ក្នុង​ត្រចៀក​របស់​យើង «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ» (ម៉ាថាយ ៧:១)។
    ចំណុច​នេះ​សំខាន់​ខ្លាំង​ណាស់ ពីព្រោះ​កាលៈទេសៈ​ជា​ច្រើន​ដែល​យើង​នឹង​ជួប​ប្រទះ​គឺ​នឹង​មិន​ច្បាស់​ខ្លាំង​ដូច​ឧទាហរណ៍​ទាំង​ពីរ​នៅ​ក្នុង​ក្រុម​ជំនុំ​កូរិនថូស​ទេ។ ជា​រឿយៗ បន្ទាត់​រវាង​ការ​ថ្កោល​ទោស​បំណង​ចិត្ត​លាក់​កំបាំង និង​ការ​ប្រាប់​ថា​ទង្វើ​ណា​មួយ​ជា​អំពើ​បាប គឺ​ស្ទើរ​តែ​ដូច​គ្នា​ទាំង​ស្រុង។ ហើយ​ប្រសិន​បើ​វា​ដូច​គ្នា​មែន នោះ​ចូរ​ឲ្យ​យើង​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ថ្កោល​ទោស​ចុះ។
    នៅ​ក្នុង​កាលៈទេសៈ​ណា​ដែល​យើង​ឃើញ​ថា ពិត​ជា​មាន​ការ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ជាក់​ស្ដែង​មែន ចូរ​ឲ្យ​យើង​ហ៊ាន​ថ្កោល​ទោស​ដោយ​មាន​ចិត្ត​ក្លាហាន ដែល​បង្ហាញ​ដោយ​ក្ដី​ស្រឡាញ់​ចុះ។
    ប៉ុន្តែ ចូរ​កុំ​ឲ្យ​យើង​ថ្កោល​ទោស​បំណង​ចិត្ត​លាក់​កំបាំង​របស់​គ្រីស្ទ​បរិស័ទ​ណា​ម្នាក់​ថា​ជា​អំពើ​បាប ដោយ​គ្រាន់​តែ​អាស្រ័យ​ទៅ​លើ​ចំណុច​ត្រង់​ថា គាត់​មិន​ឯកភាព​ជា​មួយ​នឹង​យើង​លើ​ចំណុច​ណា​មួយ​ឲ្យ​សោះ។ យើង​អាច​ជជែក​វែក​ញែក​គ្នា​បាន ប៉ុន្តែ​យើង​មិន​គួរ​ថ្កោល​ទោស​ទេ។ ព្រះ​យេស៊ូវ​នឹង​ជំនុំជម្រះ។ គឺ​មាន​តែ​ព្រះ​អង្គ​មួយ​គត់​ដែល​នឹង​បើក​បំភ្លឺ​នូវ​អ្វី​ដែល​មាន​ការ​លាក់​បាំង​ឥឡូវ មាន​តែ​ព្រះ​អង្គ​ទេ​ដែល​អាច​សរសើរ ឬ​ក៏​ស្ដី​បន្ទោស​ឲ្យ​បាន (១កូរិនថូស ៤:៥)។ សូម​ឲ្យ​យើង «មាន​ចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់​ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្រឡាញ់» (អេភេសូរ ៤:២)។
    និពន្ធ​ដោយ៖ Jon Bloom
    បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
    កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
    ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។

ความคิดเห็น • 1

  • @En-KGg
    @En-KGg 17 วันที่ผ่านมา

    អាមែ៉ន✝️🛐