ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបិទវគ្គបណ្តុះបណ្តាល ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវជនបទ និងកម្មវិធី QGIS

แชร์
ฝัง
  • เผยแพร่เมื่อ 15 ต.ค. 2024
  • រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវជនបទតាមប្រព័ន្ធព័ត៌មានវិទ្យា បច្ចេកទេសប្រើប្រាស់កម្មវិធី QGIS និងការគ្រប់គ្រងការងារថែទាំផ្លូវជនបទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមសរុបចំនួន ២៣៣នាក់ ស្រី ២៦ នាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ,ឯកឧត្តមអគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ ក្រសួងជាច្រើននាក់ទៀត។
    បន្ទាប់ពីស្ដាប់របាយការណ៍បូកសរុបលទ្ធផលនៃដំណេីការនៃអង្គសិក្ខាសាលាសិក្ខាសាលាដោយ ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទរួចមក ឯកឧត្តមរដ្ឋមន្ដ្រី បានធ្វេីការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់ ដែលទទួលជោគជ័យបន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃកន្លងនេះ និងបានថ្លែងអំណរគុណចំពោះ គ្រូឧទ្ទេសទាំងអស់ ជាពិសេសនាយកដ្ឋានផ្លូវលំជនបទដែលបានរៀបចំសិក្ខាបណ្តុះបណ្តាលនេះឡើង។
    ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា សិក្ខាសាលាបណ្តុះបណ្តាលនាពេលនេះ គឺជាដំណើរការនៃការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃការបំពេញការងារ ឬហៅថា On-the-job Training ដើម្បីពង្រឹងការថែទាំ ឬបង្កើនលទ្ធភាពថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទដែលមានស្រាប់ ក្នុងគោលដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងដើម្បីសម្រេចនូវចក្ខុវិស័យ គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាការចូលរួមចំណែកអនុវត្តតាមអភិក្រមរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ថា ពង្រឹង ៧០% និងពង្រីក ៣០%។
    ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖
    - លោក លោកស្រី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥ និងមន្ត្រីបង្គោលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់លើការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន
    - ត្រូវបន្តប្រមូលទិន្នន័យខ្សែផ្លូវថ្មី ដែលក្រសួងបានសាងសង់រួចហើយទៅក្នុងបញ្ជីសារពើភ័ណ្ឌ និងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទឱ្យបានទៀងទាត់
    - ត្រូវបន្តធ្វើបច្ចុប្បន្នភាពប្រភេទកម្រាលផ្លូវឱ្យបានទៀងទាត់ ពោលគឺប្រភេទកម្រាលផ្លូវអាចមានការប្រែប្រួលជារៀងរាល់ឆ្នាំ ពីផ្លូវដីសទៅជាក្រួសក្រហម, ពីផ្លូវក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូ ឬបេតុង តាមរយៈគម្រោងថវិកាជាតិ និងគម្រោងថវិកាដៃគូអភិវឌ្ឍន៍
    - រាល់ការលើកផែនការថែទាំផ្លូវជនបទ ត្រូវពឹងផ្អែកលើផែនការមេផ្លូវជនបទ (Rural Road Master Plan) និងត្រូវបន្តពិនិត្យបញ្ជាក់បន្ថែមជាមួយប្រព័ន្ធ RRAMS ក្នុងការសម្រេចកំណត់យកខ្សែ ផ្លូវអាទិភាពសម្រាប់ការងារថែទាំ និងជួសជុល
    - ត្រូវបង្កើនកិច្ចសហការជាមួយនាយកដ្ឋានផ្លូវលំជនបទ ក្នុងការលើកផែនការថែទាំផ្លូវ និងតម្រូវការជំនួយបច្ចេកទេសនានា
    ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី បានសំណូមពរដល់សិក្ខាកាមទាំងអស់ យកស្មារតីនៃសិក្ខាសាលានេះទុកជាមូលដ្ឋាន និងបទពិសោធន៍ ដើម្បីជាទុនក្នុងការអនុវត្តការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងនោះក្រុមការងារ RRAMS, នាយកដ្ឋានផ្លូវលំជនបទ និងបណ្តាមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ ត្រូវបន្តសហការគ្នាយ៉ាងស្អិតរមួត ក្នុងការធ្វើបច្ចុប្បន្នភាពប្រភេទកម្រាល និងខ្សែផ្លូវ ដែលជាសមិទ្ធផលថ្មីៗរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
    បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រី​ បានអញ្ជេីញប្រគល់វិញ្ញាបនបត្រ​ ជូនដល់មន្ត្រីបច្ចេកទេស​ និងសិក្ខាកាមទាំងអស់​ ព្រមទាំងអញ្ជេីញជាកិត្តិយសក្នុងការថតរូបជុំគ្នាផងដែរ​ ដែលធ្វេីអោយអង្គសិក្ខាសាលាបិតបញ្ចប់ទៅប្រកបដោយភាពសប្បាយរីករាយ​ និងស្និតស្នាលជាទីបំផុត៕

ความคิดเห็น • 1

  • @karnchinda
    @karnchinda 3 หลายเดือนก่อน

    ❤❤❤