ប្រវត្តិសាស្ត្រខ្មែរ ភាគទី២ I ដោយលោក ជុន ច័ន្ទបុត្រ I Khmer History

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.ย. 2024
  • ២. សម័យ​បុរេប្រវត្តិ
    ប្រជាពលរដ្ឋ​កម្ពុជា ដែល​សម្គាល់ ឬ​ហៅ​ខ្លួន​ឯង​ថា​ជា​ជនជាតិ​ខ្មែរ​នោះ គឺ​ជា​មនុស្ស​មួយ​ក្រុម ក្នុង​ចំណោម​ពូជសាសន៍​អូស្ត្រូអាស៊ី ហើយ​ដែល​បាន​មក​តាំង​ទី​រស់​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន នេះ​តាំង​ពី​សម័យ​យុគថ្ម​រំលីង គឺ​ប្រមាណ ១៥​សតវត្ស​មុន​គ្រិស្តសករាជ។ ឯកសារ​ខ្លះ​បញ្ជាក់​ថា មាន​ស្លាក​ស្នាម​តាំង​លំនៅ​នៅ​តំបន់​នេះ​ប្រមាណ ៥​ពាន់​ឆ្នាំ​មុន​គ្រិស្តសករាជ​ឯណោះ។ ក្រុម​មនុស្ស​ទាំង​ឡាយ​ក្នុង​អំបូរ​អូស្ត្រូអាស៊ី នេះ​នៅ​មាន​រស់​រាន​រហូត​ដល់​សព្វថ្ងៃ​នៅ​ប្រទេស​ភូមា​ភាគ​ខាង​ក្រោម ហើយ​និង​នៅ​តាម​ជួរ​ភ្នំ​អណ្ណាម។ ឯ​លក្ខណៈ​កាត់​ជាមួយ​ធាតុ​ម៉ុងហ្គោល គឺ​ជា​ការ​កើត​ឡើង​ថ្មីៗ​ខាង​ក្រោយ។
    ក្នុង​ចំណោម​ជនជាតិ​ឥណ្ឌូចិន គឺ​ពួក​មនុស្ស​រស់​នៅ​ត្រង់​ចន្លោះ​ប្រទេស​ចិន និង​ឥណ្ឌា ប្រជាពលរដ្ឋ​ខ្មែរ​ជា​ជនជាតិ​ចាស់​ជាង​គេ ដែល​បាន​តាំង​ទី​លំនៅ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​សព្វថ្ងៃ​នេះ គឺ​រហូត​មក​ដល់​សតវត្ស​ទី​១៣ នៃ​គ្រិស្តសករាជ ទាក់ទាញ​ដោយ​ដែន​ដីសណ្ដ​មាន​ជីជាតិ វាល​ទំនាប និង​សមុទ្រ​ផង ព្រម​ដោយ​ការ​រុញ​ច្រាន​របស់​ពួក​ម៉ុងហ្គោល​ពី​ប្រទេស​ចិន មក​ផង ទើប​ជនជាតិ​វៀតណាម ជនជាតិ​ថៃ និង​ភូមា បាន​លេច​មុខ​មក​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន នេះ ដោយ​ពួក​នេះ​បាន​វាយ​រុញ​ច្រាន​ជនជាតិ​ខ្មែរ និង​បង​ប្អូន​របស់​ខ្លួន គឺ​ជនជាតិ​មន អោយ​ខ្ទាត​ពី​តំបន់​វាល​ទំនាប​មេណាម និង​ពី​តំបន់​វាល​ទំនាប​ទន្លេ​ឥរ៉ាវតី។
    នៅ​តាម​ស្ថានីយ​បុរេប្រវត្តិ​នានា​របស់​ជនជាតិ​ខ្មែរ​ពី​សម័យ​ថ្ម​រំលីង​នោះ គេ​បាន​រក​ឃើញ ដូច​ជា​នៅ​ស្ថានីយ​ម្លូព្រៃ អន្លង់​ផ្ដៅ សំរោងសែន និង​នៅ​លើ​ខ្នង​ទួល ឬ​ខ្នង​ភ្នំ​តំបន់​ដី​ក្រហម គឺ​មេមត់​ស្នួល នូវ​ឧបករណ៍​ផ្សេងៗ​ជាច្រើន​ដែល​ធ្វើ​អំពី​ថ្ម​រំលីង។ ប្រជាជន​ក្នុង​សម័យ​នោះ​ចេះ​ធ្វើ​ពូថៅ កន្ត្រៃ និង​កងដៃ​អំពី​ថ្ម​រំលីង។ គេ​ចេះ​សូន​ដី​ឥដ្ឋ​ធ្វើ​ក្អម​ឆ្នាំង តុបតែង​លំអ​ដោយ​ក្បាច់​រចនា​ជា​រង្វង់​ក្បាច់​ហៀន​គូទ​ខ្យង និង​ចេះ​ធ្វើ​ក្រវិល សម្រាប់​ពាក់​ត្រចៀក​ថែម​ទៀត​ផង។ គេ​ចេះ​នេសាទ​ត្រី​ដោយ​ស្ន ដែល​មាន​ងៀង និង​ស្ទូច​ត្រី​ដោយ​សន្ទូច ដែល​មាន​ផ្លែ​ធ្វើ​អំពី​ឆ្អឹង​សត្វ។ គេ​ចេះ​ផ្សាំង ឬ​ចិញ្ចឹម​សត្វ​គោ​ក្របី ចិញ្ចឹម​ជ្រូក និង​ដាំ​ស្រូវ។ ផ្ទះ​របស់​គេ​សង់​បន្តើត​លើ​សសរ​ខ្ពស់​ពី​ដី ដែល​អាច​ការពារ​សត្វ​កណ្ដៀរ ឬ​សត្វ​សាហាវ​ផ្សេងៗ ហើយ​និង​ការពារ​ទឹក​លិច​នៅ​រដូវ​វស្សា។ នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​ក្នុង​ការ​កាប់​ឆ្ការ​ព្រៃ​ស្បាត រាន​ដី​ធ្វើ​ចម្ការ ដើម្បី​ពង្រីក​ដំណាំ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា គេ​បាន​រក​ឃើញ​ភូមិ​មូល ជា​ភូមិ​សម័យ​បុរេប្រវត្តិ ដែល​មាន​គ្រឹះ​នៅ​សល់​ដែល​យើង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់។ ក្នុង​ចំណោម​ភូមិ​ទាំង​នោះ ភូមិ​មួយ​ត្រូវ​គេ​បាន​រក​ឃើញ​នៅ​មេមត់ ដែល​យើង​អាច​ឃើញ​ច្បាស់​នូវ​កំពែង ឬ​ជញ្ជាំង​ក្រាស់ ហើយ​ខ្ពស់ ធ្វើ​អំពី​ដី​មាន​រាង​ជា​រង្វង់​មូល ដែល​មាន​វិជ្ឈមាត្រ​ខាង​ក្រៅ​រហូត​ដល់ ២០០​ម៉ែត្រ ហើយ​មាន​ផ្លូវ​ចូល​ពីរ។ ភូមិ​មូល​ពី​សម័យ​បុរេប្រវត្តិ​នេះ ការពារ​ដោយ​គូ​ទឹក​សង​ខាង ហើយ​គូ​ទឹក ឬ​រណ្ដៅ​នោះ មាន​ជម្រៅ​រហូត​ដល់ ៦​ម៉ែត្រ​នៅ​ឡើយ​សព្វថ្ងៃ​នេះ។
    គេ​បាន​រក​ឃើញ​រោង​ជាង ឬ​កន្លែង​កាត់​បំបែក​ថ្ម និង​ដុស​រំលីង ឬ​ខាត់​ថ្ម ដែល​មាន​សំណល់​វត្ថុ​ផ្សេងៗ​យ៉ាង​ច្រើន​សន្ធឹក​ធ្វើ​អំពី​ថ្ម​រំលីង ព្រម​ទាំង​មាន​បំណែក​ចាន ឬ​ក្រឡ ឬ​ហៅ​ម៉្យាង​ទៀត​ថា កុលាលភាជន៍​យ៉ាង​ច្រើន​នៅ​ទី​នោះ។ តាម​ការ​ស្រាវជ្រាវ​ថ្មីៗ​បន្ថែម​ទៀត ដោយ​ប្រើ​ប្រព័ន្ធ​ផ្កាយ​រណប​ថត​ពី​ទី​អវកាស​មក មន្ទីរ​ពិសោធន៍ ណាសា (NASA) នៃ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ថា បាន​រក​ឃើញ​ភូមិ​មូល​សម័យ​បុរេប្រវត្តិ​យ៉ាង​ច្រើន​នៅ​តំបន់​សៀមរាប​អង្គរ ផង​ដែរ។
    ជនជាតិ​ខ្មែរ​នៅ​សម័យ​បុរេប្រវត្តិ អនុវត្ត​ជំនឿ​គោរព​បុព្វបុរស​ដូនតា ហើយ​ធ្វើ​សក្ការបូជា​អ្នក​តា​ម្ចាស់​ទឹក​ម្ចាស់​ដី ជា​ទង្វើ​ដែល​អាច​អោយ​យល់​បាន​ថា នៅ​ក្នុង​ប្រទេស​មួយ​ដែល​ទឹក និង​ដី មិន​អាច​កាត់​ផ្តាច់​ពី​គ្នា​បាន ហើយ​ហាក់​ដូច​ជា​ច្រឡូក​លាយ​ឡំ​ភ្ជាប់​គ្នា​ទៅ​នឹង​មេឃ ក្នុង​គំនិត​ចក្រវាឡ​ដ៏​អស្ចារ្យ​មួយ។
    សត្វ​នាគ គឺ​ជា​និមិត្តរូប​នៃ​កម្លាំង​អាទិទេព ឬ​វត្ថុ​ស័ក្ដិសិទ្ធិ វត្ថុ​ទិព្វ​របស់​ជនជាតិ​ខ្មែរ។ ជំនឿ​នេះ គេ​បាន​ឃើញ​កើត​មាន​មក​ពី​យូរយារ​ណាស់​មក​ហើយ ជាពិសេស​មាន​រឿងរ៉ាវ​នាង​នាគ ដែល​ទាក់ទង​ទៅ​នឹង​រយៈ​កាល​ចាប់​ផ្ដើម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ថែម​ទៀត​ផង។ ថ្វីត្បិត​តែ​រឿងរ៉ាវ​ព្រះនាង​នាគ​មាន​លក្ខណៈ​ដូច​ជា​រឿង​ព្រេង​និទាន​បន្តិច​ក្តី ក៏​សព្វថ្ងៃ​ជំនឿ​នេះ​នៅ​មាន​ជីវិត​រស់​រវើក​ក្នុង​ជីវភាព​នៃ​ជនជាតិ​ខ្មែរ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​បូជា​យ៉ាង​សកម្ម ហើយ​តម្កល់​ទុក​ថា គឺ​អ្នក​តា​ម្ចាស់​ស្រុក​ម្ចាស់​ទឹក​ម្ចាស់​ដី ដ៏​មាន​គុណ​នេះ​ហើយ​ជា​អ្នក​ថែ​រក្សា​ការពារ​ជនជាតិ​ខ្មែរ និង​មាតុភូមិ​ខ្មែរ​នេះ​ឯង។
    ៣. ការ​ទទួល​ឥទ្ធិពល​ឥណ្ឌា​លើក​ទី​១
    ក្នុង​រង្វង់​សតវត្ស​ទី​១ នៃ​គ្រិស្តសករាជ ជនជាតិ​ខ្មែរ​ដែល​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដើរ​សមុទ្រ​ជាតិ​ឥណ្ឌា ដែល​ភាគ​ច្រើន​ជា​អ្នក​ជំនួញ និង​ពួក​ព្រាហ្មណ៍ ក៏​បាន​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់​ពី​ពួក​ឥណ្ឌា ទាំង​នោះ។ គ្មាន​អ្វី​គួរ​អោយ​សង្ស័យ​ឡើយ វប្បធម៌ និង​សាសនា​នៃ​ប្រទេស​ឥណ្ឌា បាន​ក្លាយ​ជា​វប្បធម៌ និង​សាសនា​របស់​វណ្ណៈ​អ្នក​ដឹក​នាំ​ខ្មែរ។ ចំណែក​ប្រជាពលរដ្ឋ​សាមញ្ញ​ទូទៅ​វិញ រហូត​ដល់​សព្វថ្ងៃ​នេះ​ហើយ នៅ​តែ​មាន​ជំនឿ​ទៅ​លើ​ព្រលឹង​ដូនតា គោរព​បូជា​អារុក្ខអារក្ខ​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​ជា​ជំនឿ​ដើម​របស់​ខ្មែរ​ដដែល ទោះ​បី​ស្ថិត​នៅ​ក្រោម​ទង់ ឬ​រូបភាព​ព្រះពុទ្ធ​សាសនា ដែល​នាំ​ចូល​ពី​ឥណ្ឌា ក៏ដោយ។ ម៉្យាង​ទៀត គឺ​ដោយសារ​ការ​ទទួល​ឥទ្ធិពល​ឥណ្ឌា ដែល​មាន​ភាសា​សំស្ក្រឹត​ជា​យាន​នេះ​ហើយ ដែល​បាន​ជំរុញ​ជនជាតិ​ខ្មែរ​អោយ​ចាប់​ផ្ដើម​សម័យ​ប្រវត្តិសាស្ត្រ​ជាតិ​របស់​ខ្លួន នា​ដើម​សតវត្ស​ទី​១ នៃ​គ្រិស្តសករាជ​នេះ។
    ការ​ធ្វើ​ដំណើរ​ដែល​កាន់​តែ​រីក​ចម្រើន​ឡើង​ជា​លំដាប់​របស់​ជនជាតិ​ឥណ្ឌា មក​កាន់​តំបន់​សុវណ្ណភូមិ​នេះ ដើម​ហេតុ​សំខាន់ គឺ​ការ​មក​ធ្វើ​ជំនួញ​ជួញ​ដូរ​ខាង​សេដ្ឋកិច្ច។

ความคิดเห็น •