អំពី បាតិមោក្ខ សំវរៈ សម្រេចឥរិយាបថ អាចារៈ គោចរអនាចារៈ អគោចរ

แชร์
ฝัง
  • เผยแพร่เมื่อ 16 ก.ย. 2024
  • អធិសីលសិក្ខា (សីលក្ខន្ធ)
    អំពី បាតិមោក្ខ សំវរៈ សម្រេចឥរិយាបថ អាចារៈ គោចរ
    អនាចារៈ អគោចរ
    បិដក ភាគ ៨១ - ទំព័រទី ២៤៥
    [៣៤៨] ត្រង់ពាក្យថា បាតិមោក្ខ បានដល់សីល ការតាំងមាំ កិច្ចខាងដើម ការប្រព្រឹត្តិ ការសង្រួម ការរវាំង ប្រធាន ប្រមុខ នៃការដល់នូវកុសលធម៌ទាំងឡាយ។
    ពាក្យថា សំវរៈ គឺការមិនកន្លងដែលប្រព្រឹត្តទៅក្នុងកាយ ការមិនកន្លងដែលប្រព្រឹត្តទៅក្នុងវាចា ការមិនកន្លងដែលប្រព្រឹត្តទៅក្នុងកាយ និងក្នុងវាចា។
    ពាក្យថា ជាអ្នកសង្រួម គឺ ជាអ្នកព្រមព្រៀង មូលមិត ចូលទៅជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកបព្រមដោយការសង្រួម ក្នុងបាតិមោក្ខនេះ ព្រោះហេតុនោះ ទើបពោលថា ជាអ្នកសង្រួមក្នុងបាតិមោក្ខសំវរៈ។
    [៣៤៩] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺ សម្រេច ប្រព្រឹត្ត រក្សា រស់នៅ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ត្រាច់ទៅ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ ។
    [៣៥០] ត្រង់ពាក្យថា បរិបូណ៌ដោយ អាចារៈ និង គោចរ អធិប្បាយថា អាចារៈក៏មាន អនាចារៈក៏មាន។ បណ្តាអាចារៈ និង អនាចារៈនោះ អនាចារៈ តើដូចម្តេច។
    ការប្រព្រឹត្តិកន្លងប្រកបដោយកាយ ការប្រព្រឹត្តិកន្លងប្រកបដោយវាចា ការប្រព្រឹត្តិកន្លងប្រកបដោយកាយ និងវាចា នេះហៅថា អនាចារៈ ។
    សូម្បីភាពនៃភិក្ខុទ្រុស្តសីលទាំងអស់ ក៏ឈ្មោះថា អនាចារៈ គឺ ភិក្ខុខ្លះ ក្នុងសាសនានេះ
    ចិញ្ញឹមជីវិតដោយការឲ្យឫស្សីខ្លះ
    ឲ្យស្លឹកឈើខ្លះ
    ឲ្យផ្កាឈើខ្លះ
    ឲ្យផ្លែឈើខ្លះ
    ឲ្យគ្រឿងលំអិតសម្រាប់លាបខ្លះ
    ឲ្យឈើស្ទន់ខ្លះ
    ដោយភាពជាអ្នកបន្ទាបបន្ទន់កាយខ្លះ
    ដោយការពោលវាចាដូចជាសម្លសណ្តែកបាយខ្លះ
    ដោយការបីថ្នមកូនរបស់ត្រកូលខ្លះ
    ដោយការបម្រើត្រកូលដោយកំលាំងស្មងខ្លះ ដោយមិច្ឆាអាជីវៈណាមួយ ដែលព្រះពុទ្ធទ្រង់តិះដៀលហើយខ្លះ នេះហៅថា អនាចារៈ ។
    បណ្តាអនាចារៈ និងអាចារៈនោះ អាចារៈ តើដូចម្តេច ។
    ការមិនប្រព្រឹត្តិកន្លងប្រកបដោយកាយ ការមិនប្រព្រឹត្តិកន្លងប្រកបដោយវាចា ការមិនប្រព្រឹត្តិកន្លងប្រកបដោយកាយ និងវាចា នេះហៅថា អាចារៈ ។
    សូម្បីការសង្រួមក្នុងសីលទាំងអស់ក៏ឈ្មោះថា អាចារៈ គឺ ភិក្ខុខ្លះ ក្នុងសាសនានេះ
    មិនចិញ្ចឹមជីវិតដោយការឲ្យឫស្សី
    មិនចិញ្ចឹមជីវិតដោយការឲ្យស្លឹកឈើ
    មិនចិញ្ចឹមជីវិតដោយការឲ្យផ្កាឈើ
    មិនចិញ្ចឹមជីវិតដោយការឲ្យផ្លែឈើ
    មិនចិញ្ចឹមជីវិតដោយការឲ្យគ្រឿងលំអិតសម្រាប់លាប
    មិនចិញ្ចឹមជីវិតដោយការឲ្យឈើស្ទន់
    មិនចិញ្ចឹមជីវិតដោយការបន្ទាបបន្ទន់កាយ
    មិនចិញ្ចឹមជីវិតដោយការពោលវាចាដូចជាសម្លសណ្តែកបាយ
    មិនចិញ្ចឹមជីវិតដោយការបីថ្នមកូនរបស់ត្រកូល
    មិនចិញ្ចឹមជីវិតដោយការបម្រើត្រកូលដោយកំលាំងស្មង
    មិនចិញ្ចឹមជីវិតដោយមិច្ឆាអាជីវៈណាមួយ ដែលព្រះពុទ្ធទ្រង់តិះដៀលហើយ នេះហៅថា អាចារៈ ។
    ពាក្យថា គោចរ មានសេចក្តីថា គោចរក៏មាន អគោចរក៏មាន ។
    បណ្តាគោចរ និង អគោចរនោះ អគោចរ តើដូចម្តេច ។
    ភិក្ខុខ្លះ ក្នុងសាសនានេះ ជាអ្នកត្រាច់ទៅកាន់ទីនៃ
    ស្ត្រីពេស្យាខ្លះ
    ត្រាច់ទៅកាន់ទីនៃស្ត្រីមេម៉ាយខ្លះ
    ត្រាច់ទៅកាន់ទីនៃស្ត្រីក្រមុំខ្លះ
    ត្រាច់ទៅកាន់ទីនៃមនុស្សបណ្ឌកខ្លះ
    ត្រាច់ទៅកាន់ទីនៃភិក្ខុនីខ្លះ
    ត្រាច់ទៅកាន់រោងសុរាខ្លះ
    ជាអ្នកច្រឡូកច្រឡំដោយពួកស្តេច ដោយពួកមហាមាត្ររបស់ស្តេច
    ដោយពួកតិរ្ថិយ ដោយពួកសាវ័ករបស់តិរិ្ថយ ឬដោយការច្រឡូកច្រឡំនឹងគ្រហស្ថមិនសមគួរ ។
    មួយទៀត ត្រកូលណាដែល
    មិនមានសទ្ធា
    មិនជ្រះថ្លា
    មិនមែនជាអណ្តូង
    ជាអ្នកជេរប្រទេចផ្តាសា
    មិនប្រាថ្នាសេចក្តីចំរើន
    មិនប្រាថ្នាប្រយោជន៍
    មិនប្រាថ្នាសេចក្តីសប្បាយ
    មិនប្រាថ្នាសេចក្តីក្សេមចាកយោគៈ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកាឡើយ ភិក្ខុនោះចូលចិត្តគប់រក ចូលទៅជិត កាន់ត្រកូលទាំងឡាយមានសភាពដូច្នោះ នេះហៅថា អគោចរ ។
    បណ្តាគោចរ និងអគោចរទាំងនោះ គោចរ តើដូចម្តេច។
    ភិក្ខុខ្លះ ក្នុងសាសនានេះ
    ជាអ្នកមិនត្រាច់ទៅកាន់ទីនៃស្ត្រីពេស្យា
    មិនត្រាច់ទៅកាន់ទីនៃស្ត្រីមេម៉ាយ
    មិនត្រាច់ទៅកាន់ទីនៃស្ត្រីក្រមុំ
    មិនត្រាច់ទៅកាន់ទីនៃមនុស្សបណ្ឌក
    មិនត្រាច់ទៅកាន់ទីនៃភិក្ខុនី
    មិនត្រាច់ទៅកាន់រោងសុរា
    ជាអ្នកមិនច្រឡូកច្រឡំដោយពួកស្តេច ដោយពួកមហាមាត្ររបស់ស្តេច ដោយពួកតិរ្ថិយ ដោយពួកសាវ័ករបស់តិរ្ថិយ ឬដោយការច្រឡូកច្រឡំនឹងគ្រហស្ថ មិនសមគួរ
    មួយទៀត ត្រកូលណា
    មានសទ្ធា
    ជ្រះថ្លា
    ជាអណ្តូង
    រុងរឿងដោយសំពត់កាសាវៈ
    ដែលផ្សព្វផ្សាយដោយខ្យល់នៃឥសី
    ជាអ្នកប្រាថ្នាសេចក្តីចំរើន
    ប្រាថ្នាប្រយោជន៍
    ប្រាថ្នាសេចក្តីសប្បាយ
    ប្រាថ្នាព្រះនិព្វានជាធម៌ក្សេមចាកយោគៈ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ភិក្ខុនោះ ចូលចិត្តគប់រក ចូលទៅជិត កាន់ត្រកូលទាំងឡាយមានសភាពដូច្នោះ នេះហៅថា គោចរ ។
    ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយអាចារៈនេះផង ដោយគោចរនេះផង ព្រោះហេតុនោះ ទើបពោលថា ភិក្ខុនោះ បរិបូណ៌ដោយអាចារៈ និងគោចរ ។

ความคิดเห็น •