គ្រួសារកក់ក្តៅ (ពាក្យពេចន៍ម៉ែឪ)
ฝัง
- เผยแพร่เมื่อ 29 มิ.ย. 2024
- កូនជាទីស្រឡាញ់! ពាក្យថា គ្រួសារជាពាក្យដែលមានសេចក្តីឬអត្ថន័យច្រើន គឺសំដៅដល់ការស្រឡាញ់ ភាពកក់ក្តៅ ភាពនៃត្រកូលតែមួយជាមួយគ្នា ។ល។ ហើយតែងហៅគ្នាថា " អ្នកផ្ទះខ្ញុំ " ឬគ្រួសារខ្ញុំជាដើម ។ សម័យដែលនៅក្មេងៗ យើងនៅរួមគ្នាជាគ្រួសារ មានសម្លេងសើចសប្បាយ មានសម្លេងរត់ប្រឡែងគ្នា បរិភោគអាហាររួមគ្នា និងធ្វើអ្វីៗជាមួយគ្នា មានភាពរស់រវើក ។ ឪពុកម្តាយ សូម្បីធ្វើការហត់នឿយអស់កម្លាំងយ៉ាងណាក៏ដោយ លុះមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនៗ រត់មកទទួល ជួយកាន់ជួយទទួលរបស់របរ និងសាកសួរពីការហត់នឿយប៉ុណ្ណឹង ម៉ែឪក៏បាត់អស់នូវការហត់នឿយទៅហើយ ។ មាតាបិតាឃើញកូនញ៉ាំបាន គេងបានលក់ក៏សប្បាយចិត្ត ទាំងអស់នេះឯងណ៎ាកូន ដែលគេថា គ្រួសារមានភាពកក់ក្តៅនោះ ។
ឥឡូវនេះកូនក៏បានធំៗអស់ហើយ កូនអើយធ្វើជាបងជាប្អូនគ្នា កូនត្រូវចេះស្រឡាញ់គ្នា ។ សាច់ឈាមជាមួយគ្នា យ៉ាងណាៗក៏កាត់មិនបាន ពាក្យចាស់ពោលថា " កាត់ទឹកមិនដាច់ កាត់សាច់មិនបាន " ដូច្នេះចូរកូនកុំស្អប់ខ្ពើម កុំកំណាញ់ កុំច្រណែន ឬខឹងក្រោធគំនុំគុំកួនអ្វីដល់គ្នាឡើយ កូនត្រូវជួយគ្នា និងមើលថែគ្នាវិញទើបបានល្អ ។ បានមកធ្វើជាបងប្អូននឹងគ្នាហើយ ស្រាប់តែមកឈ្លោះទាស់ទែងគ្នា វាជារឿងដែលគួរឲ្យខ្មាសអៀនណាស់ កូនអើយ មនុស្សល្អគេមិនឈ្លោះទាស់ទែងគ្នាដូច្នេះឡើយ ម៉្យាងទៀត កូនត្រូវគិតដល់ទ្រូងម្តាយឪពុកផងណ៎ា កូនណ៎ា ។
គិតដល់ពេលដែលកូននៅតូចៗ ឈ្លោះគ្នា ហើយក៏ល្អនឹងគ្នាវិញ លេងចូលគ្នាវិញដូចដើម ភ្លេចរឿងចាស់ដែលកន្លងទៅអស់ ហើយស្រឡាញ់គ្នា ព្រមព្រៀងគ្នា មានអ្វីធ្វើក៏ជួយធ្វើគ្នា ។ ល្អណាស់កូន មានរឿងខ្លះៗ កាលកូននៅពីតូចនោះ កូនគួរសិក្សាតាម បើកូនគិតថា កូនធំហើយ កូនមិនភ្លេចរឿងដែលទាស់ចិត្តដូចកាលកូននៅពីក្មេងទេ តែកូនត្រូវកុំប្រកាន់គ្នា ។ កូនអើយ ស្វាមី អាចរកថ្មីបាន ភរិយាអាចរកថ្មីបាន កូនក៏អាចរកថ្មីបានដែរ តែបងឬប្អូនរកមិនបានទៀតឡើយ មានប៉ុនណាក៏ប៉ុណ្ណឹង កាលកាត់បង កាត់ប្អូន ក៏ដូចគ្នានឹងការកាត់សាច់ កាត់ឈាមរបស់ម៉ែរបស់ឪដែរណ៎ាកូន ។
គ្រួសារកក់ក្តៅ ម៉ែឪកូនចៅ ត្រូវនៅក្នុងធម៌
មិនតាមកិលេស ចេះរស់ក្នុងពរ អាយុបវរ
គុណធម៌ក្នុងចិត្ត ។